Founder

ព័ត៌មានសង្ខេបអំពីក្រុមហ៊ុន តេងឡាយ អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន


ក្រុមហ៊ុន តេងឡាយ អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើងដោយខ្ញុំ Zheng Yuanlai និងភរិយារបស់ខ្ញុំឈ្មោះ Huang Aiqiong។ កាលពីដំណាក់កាលដំបូង ការិយាល័យរបស់ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម រាជធានី ភ្នំពេញ និងមានផ្ដល់តែសេវាប្រតិវេទន៍គយ & សេវាដឹកជញ្ជូន និងដឹកជញ្ជូនទំនិញផ្លូវគោកដល់ អតិថិជនប៉ុណ្ណោះ។

ក្រុមហ៊ុននេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធានាប្រតិបត្តិការឲ្យមានភាពរលូន និង​មានការរីកចម្រើនទៅមុខទោះបីជាមានការលំបាក និងឧបសគ្គមួយចំនួនក៏ដោយ។ ខ្ញុំបានអនុវត្តនូវ វិធីសាស្រ្តយ៉ាងម៉ត់ចត់ និងខិតខំសម្រេចកិច្ចការប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដែល​តាមរយៈវិធីសាស្រ្តនេះ ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគោលគំនិតគ្រប់គ្រងឲ្យមានឧត្តមភាព និង​ចាត់ទុកអតិថិជន និងការជឿទុកចិត្ត ជាចំណុចអាទិភាព ព្រមទាំងផ្ដល់អាទិភាពខ្ពស់បំផុតដល់អត្ថប្រយោជន៍ និងផលប្រយោជន៍របស់អតិថិជនរបស់យើងដោយផ្អែកលើគោលគំនិតសេវាប្រកបដោយភាពស្មោះត្រង់។ តាមរយៈគោលគំនិតទាំងនេះ ក្រុមហ៊ុនបានផ្ដល់ជូនសេវាគុណភាពខ្ពស់ប្រកបដោយប្រសិទ្ធភាពដល់អតិថិជនរបស់យើង ដោយខិតខំសម្រេចឲ្យបាននូវគោលបំណងក្នុងការធានាផ្ដល់នូវភាពងាយស្រួល ការជឿទុកចិត្ត ភាពជឿជាក់ និងតម្លៃសមរម្យ ដែលធ្វើឲ្យកិត្តិសព្ទនៃម៉ាកសញ្ញា “តេង ឡាយ” កាន់តែមានភាពល្បីល្បាញនៅក្នុងចំណោមអតិថិជនមួយចំនួនធំរបស់យើង។

យើងបានពុះពារ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍអាជីពរបស់យើងដែលធ្វើឲ្យយើងអាចចាប់យកនូវឱកាសដ៏ល្អដើម្បីធ្វើឲ្យក្រុមហ៊ុនទទួលបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ នៅក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនមានរថយន្តដឹកកុងតឺន័រចំនួនតែ 2 គ្រឿង និងបុគ្គលិកចំនួនតែជាង 10 នាក់ប៉ុណ្ណោះ ហើយបន្ទាប់មកបានអភិវឌ្ឍទៅជាសហគ្រាសទំនើបឈានមុខ​គេដែលផ្ដល់នូវសេវាប្រតិវេទន៍គយ & សេវាដឹកជញ្ជូន ហើយបានឈរយ៉ាងរឹងមាំនៅក្នុងចំណោមអតិថិជន មួយចំនួនធំ។ ក្រុមហ៊ុនសម្ព័ន្ធក៏ត្រូវបានបង្កើតឡើងផងដែរនៅក្នុងទីក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

តាមរយៈការអភិវឌ្ឍយ៉ាងឆាប់រហ័សអស់រយៈពេលជាង 20 ឆ្នាំកន្លងមកនេះ ដោយផ្អែកលើប្រតិបត្តិការប្រកបដោយ​គុណភាពខ្ពស់ និងបទពិសោធន៍ដ៏សម្បូរបែប ក្រុមហ៊ុននេះបានប្រែក្លាយខ្លួនជាក្រុមហ៊ុនដឹកជញ្ជូនទំនិញឈានមុខគេនៅក្នុងវិស័យសេវាប្រតិវេទន៍គយ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាថែមទៀតផង។

ដោយសារតែប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៅក្នុងស្រុក តម្រូវការនៃការដឹកជញ្ជូនទំនិញក៏កំពុងមានកំណើនកើនឡើងខ្លាំងផងដែរ។ ក្រុមហ៊ុននេះបានពង្រីកវិសាលភាពសេវារបស់ខ្លួន និងកំពុងផ្ដល់នីតិវិធីដំណោះស្រាយការដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល ហើយជាលទ្ធផល យើងបានទទួលទំនុកចិត្តយ៉ាងទូលំទូលាយ និងការស្វាគមន៍ពីសំណាក់ អតិថិជន។ កំពង់ផែស្ងួតទំនើបសម្រាប់កុងតឺន័រនេះ ត្រូវបានបំពាក់ដោយសម្ភារបរិក្ខារចាំបាច់ទាំងអស់ ហើយក្នុងនោះមានអគាររោងចក្រ ឃ្លាំងរួចពន្ធគយ ទីកន្លែងសម្រាប់ចំណត រោងចក្រជួសជុលរថយន្ត ដីសម្រាប់ដាក់កុងតឺន័រ អគារការិយាល័យសម្រាប់ក្រុមហ៊ុនរដ្ឋបាលគយ និងពន្ធដារ។ល។ ជាងនេះទៅទៀត ក្រុមហ៊ុននេះបានទិញដីដែលមានទំហំធំនៅក្រុងព្រះសីហនុ និងបានបង្កើតការិយាល័យ និងចំណតសម្រាប់រថយន្តដឹកកុងតឺន័រដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់យើងនៅក្នុងការទទួលសេវាដែលមានសមត្ថភាពលើកដាក់ទំនិញដែលមានគុណភាព​ខ្ពស់។ ដោយសារបរិមាណទំនិញចេះតែមានការកើនឡើង កំពង់ផែនេះ ដំណើរការ 7 ថ្ងៃ​ក្នុងមួយសប្ដាហ៍ និង 24 ម៉ោងក្នុងមួយថ្ងៃ និងផ្ដល់សេវាដឹកជញ្ជូនទំនិញកាន់តែមានគុណភាពខ្ពស់។ ដើម្បីអាចបំពេញតាមតម្រូវការអាជីវកម្មនៅក្នុងវិធីសាស្រ្តកាន់តែល្អប្រសើរ ក្រុមហ៊ុននេះបានចំណាយប្រាក់ទិញសម្ភារបរិក្ខារធុនធ្ងន់ទំនើបៗជាច្រើនជាមួយនឹងការវិនិយោគច្រើនសន្ធឹកសន្ធាប់ ដូចជា ម៉ាស៊ីនលើកដាក់កុងតឺន័រ ម៉ាស៊ីនលើកដាក់ទំនិញចល័ត រថយន្តលើកទំនិញ ម៉ាស៊ីនស្គែន។ល។ ដែលបានបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីអភិវឌ្ឍទៅជាក្រុមហ៊ុនដឹកជញ្ជូន​ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។

ជាងនេះទៅទៀត ដើម្បីបំពេញតាមតម្រូវការខុសៗគ្នាដែលកំពុងតែមានកំណើនរបស់អតិថិជនរបស់យើង ក្រុមហ៊ុនបានពង្រីកវិសាលភាពអាជីវកម្មដោយផ្ដល់សេវាដឹកជញ្ជូននៅក្នុងស្រុកចាប់តាំងពីចុងឆ្នាំ2009 មកម្ល៉េះ។ ក្រុមហ៊ុននេះបានបង្កើតការិយាល័យនៅជិតព្រំដែនថៃ និងវៀតណាម និងបានសាងសង់ឃ្លាំង និងទីធ្លាដាក់ទំនិញថែមទៀតផង។

ក្រុមហ៊ុនបានប្រឡូកនៅក្នុងប្រតិបត្តិការភស្តុភារអស់រយៈពេលជាង 30 ឆ្នាំកន្លងមកហើយ និងបានអភិវឌ្ឍខ្លួននៅក្នុងវិស័យអាជីវកម្មនេះជាច្រើនដំណាក់កាលផងដែរ។ យើងទទួលបាននូវ បទពិសោធន៍ជាច្រើននៅក្នុងដំណើរការ និងបានកសាងកេរ្តិ៍ឈ្មោះយ៉ាងល្អប្រសើរដោយសារតែភាពស្មោះត្រង់របស់យើង។ ដោយមានចក្ខុវិស័យទូលំទំលាយ យើងបានកសាងទំនាក់ទំនងបែបស្ថាបនា និងសហប្រតិបត្តិការនៅក្នុងវដ្ដអាជីវកម្ម ដោយបានរៀបចំគ្រប់ទម្រង់សេវាទាំងអស់ ក៏ដូចជាបានពង្រីកទំហំ និងវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។ ទោះបីយ៉ាងណា ពេលវេលា​មិនរង់ចាំមនុស្សឡើយ ខ្ញុំមានអាយុជិត 70 ឆ្នាំទៅហើយ ហើយក៏ជៀសមិនផុតពីការផ្ទេរអាជីវកម្ម និងបទពិសោធន៍របស់ខ្ញុំឲ្យអ្នកស្នងរបស់ខ្ញុំឡើយ។ Zheng Chuanxun ដែលជាកូនប្រុសច្បងរបស់ខ្ញុំ គឺជាបុគ្គលទទួលខុសត្រូវ​ និងមានសមត្ថភាព ព្រមទាំងមានក្ដីសុបិន្តរបស់ខ្លួនផងដែរ។ យើងបានខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលកូនរបស់ខ្ញុំចាប់តាំងពីក្មេងមកម្ល៉េះ ដូច្នេះហើយយើងគិតថាកូនច្បងរបស់ខ្ញុំនេះគឺជាអ្នកស្នងដ៏ស័ក្ដិសមបំផុតសម្រាប់ក្រុមហ៊ុនមួយនេះ។

បច្ចុប្បន្ន ដោយមានលក្ខខណ្ឌចាំបាច់ទាំងអស់នេះ ក្នុងនាមជាអ្នកទទួលខុសត្រូវចំពោះជោគវាសនា​របស់ក្រុមហ៊ុន ដែលបន្តវេនអាជីពរបស់ខ្ញុំ Zheng Chuanxun កំពុងខិតខំប្រឹងប្រែងអស់ពី សមត្ថភាពរបស់ខ្លួនក្នុងការកសាងក្រុមហ៊ុន តេង ឡាយ គ្រុប ឲ្យក្លាយជាក្រុមហ៊ុនគ្រុបដ៏ធំមួយដែលមានសហគ្រាសដំណើរការយ៉ាងល្អប្រសើរជាច្រើននៅក្នុងនោះ។ ក្រុមហ៊ុនសម្ព័ន្ធចំនួនបី ត្រូវបានបង្កើតឡើងនៅក្នុងក្រុមហ៊ុនគ្រុបនេះ ក្នុងនោះរាប់បញ្ចូលទាំង ​ក្រុមហ៊ុន តេងឡាយអាហរ័ណ នីហរ័ណ និងដឹកជញ្ជូន ​ក្រុមហ៊ុន តេងឡាយ វិស្វកម្ម ​និង​ ក្រុមហ៊ុន តេង ឡាយ ផែស្ងួត។

Founder